តាមរយៈគម្រោងចំនួន៥០ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំទៀត ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងអាច ឈានទៅបញ្ចប់បញ្ហាទឹកជំនន់ដោយទឹកភ្លៀងទៀតហើយ។ នេះបើតាមខ្លឹមសារដែលបានលើកឡើងនៅលើបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។

ខ្លឹមសារបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល៥ឆ្នាំ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន៥០គម្រោង សម្រាប់រយៈពេល៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន១៣ បាននិងកំពុងអនុវត្តក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានចំនួន៥០គម្រោងនេះ គឺគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។ តែសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន១៣គម្រោង។ បើតាមលោកប្រធានមន្ទីរសាធារណការ គម្រោងទាំង១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន ដូចជា នៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។
លោក សាំ ពិសិដ្ឋ បញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ ការអនុវត្តគម្រោង១៣នេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលនឹងនាំឱ្យស្ទះផ្លូវទឹក បង្កឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀង។
ជាការកត់សម្គាល់ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំខាងក្នុង ក្រសួងធនធានទឹក និងឧតុនិយម រៀបចំខាងក្រៅ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត ហេីយក៏មានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសប្រជាជនទាំងអស់គ្នាផងដែរ៕

