មិនធម្មតា! កម្ពុជាមានការដ្ឋានចម្រាញ់រ៉ែមាសដ៏ធំ ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី
ពត៌មាន

មិនធម្មតា! កម្ពុជាមានការដ្ឋានចម្រាញ់រ៉ែមាសដ៏ធំ ក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

កម្ពុជាកំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស ៧ទីតាំង នៅក្នុងខេត្តចំនួន៥ ខណៈការផលិតមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី បានជិត៨០០គីឡូក្រាម
ភ្នំពេញ៖ លោក អ៊ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានបញ្ជាក់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសចំនួន៧ ជូនដល់ក្រុមហ៊ុន៧ផ្សេងគ្នា ក្នុងទីតាំងខេត្តចំនួន៥។

ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាស ទាំង៧នោះ មាននៅក្នុងខេត្ត រួមមាន៖ ខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង០១ទីតាំង។ លោក អ៊ឹង ឌីប៊ូឡា បានគូសបញ្ជាក់ថា ការដ្ឋានអាជីវកម្មរ៉ែមាសទាំង៧ទីតាំងនេះ ក្នុងនោះមាន១ទីតាំង ក្នុងខេត្តមណ្ឌលគីរី បានចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសហើយ ដែលវិនិយោគដោយក្រុមហ៊ុន រីណេសេន ម៉ាញណឺរ៉ល ខេមបូឌា អិលធីឌី Renaissance Minerals (Cambodia) Ltd ខណៈ៦ទីតាំងផ្សេងទៀត កំពុងរៀបចំនូវខ្សែច្រវាក់ផលិតកម្ម ចម្រាញ់រ៉ែមាស ដែលអាចនឹងដំណើរការ នៅពេលខាងមុខ។ បន្ថែមពីនោះទៀត អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណស្វែងរុករករ៉ែលោហះ ចំនួន២៦អាជ្ញាបណ្ណ ដល់ក្រុមហ៊ុនចំនួន១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា ខ្មែរ ផងដែរ។

ក្នុងពិធីសម្ពោធអគារទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាចម្រាញ់មាសបានជិត៨០០គីឡូក្រាម។ ការចម្រាញ់មាសបាននេះ ចម្រាញ់ដោយក្រុមហ៊ុនវិនិយោគ រីណេសេន ម៉ាញណឺរ៉ល ខេមបូឌា អិលធីឌី ដែលជាក្រុមហ៊ុន របស់ប្រទេសអូស្ដ្រាលី ដែលទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលតែប៉ុន្មានខែ យើងជីកមាសបានជិត៨០០គីឡូក្រាម អីចឹងបើមួយឆ្នាំ យើងនឹងជីកបានច្រើនជាងនេះ។ ឥលូវកំពុងសិក្សានៅកន្លែងផ្សេង ដែលជាក្រុមហ៊ុនមួយដ៏ធំ ក្នុងកិច្ចសហប្រតិបត្ដិការជាមួយគ្នា»។ បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ធ្លាប់បញ្ជាក់ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរុករករ៉ែមាស នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី នឹងអាចចម្រាញ់មាស បាន២.៥តោន ក្នុងរយៈពេល១ឆ្នាំដំបូងនេះ (ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២២)។

គូសបញ្ជាក់ថា ក្រុមហ៊ុន រីណេសេន ម៉ាញណឺរ៉ល ខេមបូឌា អិលធីឌី គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ ក្រៅតែពីមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីហើយនោះ ក្រុមហ៊ុន រីណេសេន ម៉ាញណឺរ៉ល ក៏កំពុងបើកប្រតិបត្តិការរុករករ៉ែមាស តំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា

ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ

LEAVE A RESPONSE

Your email address will not be published. Required fields are marked *