ក្ដៅគ.គុ.ក! Miss Grand International 2021 នាង Thuy Tien ត្រូវប៉ូលិសចាប់ខ្លួន ករណីបោ.កប្រា.ស់ទំនុកចិត្តអតិថិជន
ហូជីមិញ, វៀតណាម៖ កញ្ញា Nguyen Thuc Thuy Tien អាយុ ២៦ ឆ្នាំ អតីត Miss Grand International ឆ្នាំ ២០២១ ដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសវៀតណាម ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) ដោយទីភ្នាក់ងារស៊ើបអង្កេតនគរបាលរបស់ក្រសួងសន្តិសុខសាធារណៈ ជុំវិញការចោទប្រកាន់ពីបទបោកប្រាស់ទំនុកចិត្តអ្នកប្រើប្រាស់ ជុំវិញនឹងរឿងអាស្រូវផលិតផល “ស្ករគ្រាប់បន្លែ Kera” ។
កញ្ញា Tien កំពុងត្រូវបានស៊ើបអង្កេតពីបទ “បោកបញ្ឆោតអតិថិជន” យោងតាមមាត្រា ១៩៨ នៃក្រមព្រហ្មទណ្ឌវៀតណាម។ ករណីនេះ ពាក់ព័ន្ធនឹងបុគ្គលល្បីៗ ជាច្រើនទៀត រួមទាំងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនាយកប្រតិបត្តិជាន់ខ្ពស់មកពីសាជីវកម្ម Asia Life និងក្រុមហ៊ុន Che Em Rot ដែលត្រូវបានចោទប្រកាន់ពីបទផលិត និងផ្សព្វផ្សាយផលិតផលអាហារសុខភាពស្ថិតក្រោមស្តង់ដា។
នគរបាលស្រាវជ្រាវបានអោយដឹងថា Tien មានភាគហ៊ុន ៣០ ភាគរយនៅក្នុងការវិនិយោគដែលផលិតស្ករសុខភាពដែលមានឈ្មោះថា Kera ត្រូវបានគេផ្សព្វផ្សាយថាជាស្ករគ្រាប់សម្រាប់ជំនួយសុខភាពជំនួសអោយបន្លែបៃតង។ រីឯភាគហ៊ុន ៧០ ភាគរយទៀត ជារបស់ដៃគូរអាជីវកម្មរបស់នាង គឺ Nguyen Thi Thai Hang (ដែលស្គាល់ថាជា Hang Du Muc) និង Pham Quang Linh (ដែលស្គាល់ថាជា Quang Linh Vlogs) ដែលទាំងពីរនាក់ត្រូវបានឃុំខ្លួននៅដើមខែមេសា ដោយត្រូវចោទប្រកាន់ពីបទល្មើសដូចគ្នា។
អាជ្ញាធរបានអោយដឹងបន្តថា ក្រុមហ៊ុនបានផ្សព្វផ្សាយពាក្យពេចន៍ដែលមិនប្រកាន់ខ្ជាប់ទៅនឹងស្តង់ដាជាក់ស្តែង ដូចជាការផ្សព្វផ្សាយលើកឡើងថា “មួយគ្រាប់ ស្មើនឹងបន្លែមួយចាន” ។ ខណៈដែលមិនបានបង្ហាញពីគ្រឿងផ្សំសំខាន់ៗ មានដូចជាសូរប៊ីតូល (Sorbitol) ដែលមាន ៣៥ ភាគរយក្នុងផលិតផលដែលអាចបង្កឱ្យមានផលប៉ះពាល់ដូចជា ការរាករូស និងហើមពោះជាដើម។ គ្រឿងផ្សំគោលដែលជាបន្លែក៏ត្រូវបានរកឃើញទាបជាងការផ្សព្វផ្សាយ ដែលមានតែ ១ ភាគរយតែប៉ុណ្ណោះ បើទោះបីជាលើកញ្ចប់ផលិតផលដាក់ថាមាន ២៨ ភាគរយនៃម្សៅបន្លែក៏ដោយ។
ការផ្សព្វផ្សាយផលិតផលនេះ ត្រូវបានចែកចាយពេញបណ្តាញសង្គមរបស់នាង ជាមួយនឹងចំនួនអ្នកគាំទ្រ ច្រើនជាង ២,៦ លាននាក់។ នាងបានផ្សព្វផ្សាយស្ករគ្រាប់ Kera មួយនេះថា មានសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់កុមារ និងមនុស្សពេញវ័យ ប៉ុន្តែក្រោយមក គេសង្កេតឃើញថា នាងបានលុបចោលវីដេអូនោះ ធ្វើអោយអ្នកតាមដាន ប្រើប្រាស់បណ្តាញសង្គមយល់ថា ប្រហែលមានការលើកឡើងមិនត្រឹមត្រូវចំពោះគុណភាពផលិតផលជាក់ស្តែង។
រហូតនៅខែមេសា កញ្ញា Tien ត្រូវបានពិន័យ ២៥លាននៃរូបិយប័ណ្ណវៀតណាម (US$1,000) ចំពោះការមិនបានបញ្ជាក់ច្បាស់លាស់ពីគ្រឿងផ្សំផលិតផល និងការផ្សព្វផ្សាយដែលមិនមានទំនួលខុសត្រូវចំពោះអតិថិជន ៕ អត្ថបទ៖ CNC









សូមទស្សនាវីដេអូខាងក្រោម ឬ ចុចទីនេះដើម្បីទស្សនា
ចំណាំ៖ ពេលចុចចូលមើលវីដេអូពេលលោតផ្ទាំងពាណិជ្ជកម្មសូមចុចត្រលប់ក្រោយ រួចចុចលើវីដេអូម្តងទៀត សូមអរគុណ